Saturday, February 22, 2014

WWDC ជា​អ្វី​ទៅ?

សន្និសីទ developerទូទាំង​ពិភពលោក ដែល​ហៅ​កាត់​ថា WWDC គឺ​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple ដែល​ជា​ទូទៅ​ប្រារព្ធ​ឡើង​នៅ​រដ្ឋ California សហរដ្ឋអាមេរិក​ជាមួយ​នឹង​កៅអី​ដែល​មាន​ចំនួន​កំណត់​ពី ២ពាន់​ទៅ​៥ពាន់​កន្លែង។ មាន​តែ​ក្រុម developer ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​តម្លៃ​សំបុត្រ​មួយ​សន្លឹក ១៦០០ដុល្លារ(តម្លៃ​សំបុត្រ​ឆ្នាំ​២០១២)។
សន្និសីទ​​នេះ​បង្កើត​ដើម្បី​បង្ហាញ​ពី software និង hardwareថ្មីៗ​របស់ Apple និង​បង្ក​ភាព​ងាយ​ស្រួល​ដល់ developer ទូទាំង​ពិភពលោក​មក​ជួបជុំ​គ្នា​នៅ​ទីកន្លែង​តែ​មួយ​ជាមួយ​ក្រុម​វិស្វករ Software និង Hardware របស់ Apple ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ក៏​ដូច​ជា​ផ្ដល់​មតិ​រិះគន់​ដើម្បី​ស្ថាបនា។
ប្រវត្តិ
- WWDC ដំបូង​បំផុត​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Monterey រដ្ឋ California ក្នុង​ឆ្នាំ​១៩៨៣។
- ឆ្នាំ​១៩៩៨ Apple បាន​ដាក់​បញ្ចូល​ការ​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី​​ថ្មី​ៗ​របស់ Apple (keynote) ទៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ WWDC។ ជា​ទូទៅ keynote គឺ​ធ្វើ​ឡើង​ដោយ​លោក Steve Jobs អតីត​នាយក​ប្រតិបត្តិ​របស់ Apple។
- មុន​ឆ្នាំ ២០០២ សន្និសីទ​នេះ​បង្កើត​ឡើង​សម្រាប់​បង្ហាញ​ពី software ថ្មីៗ​ប៉ុណ្ណោះ តែ​ក្រោយ​មក Apple បាន​ប្ដូរ​គោលការណ៍​របស់​ខ្លួន​ជាមួយ​នឹង​ការ​ប្រកាស​ម៉ាស៊ីន Sever ដំបូង​បំផុត​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Xserve។
- ឆ្នាំ​២០០២ Apple បាន​បើក​សន្និសីទ​នេះ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ជាមួយ​នឹង​ការ​បង្ហាញ Mac OS X v.10.2, QuickTime 6 និង Rendezvous (ឥឡូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា Bonjour)។
- ឆ្នាំ​២០០៣ Apple បាន​យក​ព្រឹត្តិការណ៍​នេះ​ដើម្បី​ប្រកាស​កម្មវិធី iPhoto, iMovie, iDVD  និងHardware ថ្មី​ចំនួន​ពីរ​ទៀត​គឺ កាមេរ៉ា webcame ដែល​មាន​ឈ្មោះ​ថា iSight និង​កុំព្យូទ័រPower Mac G5។
- ឆ្នាំ​២០០៤ ប្រកាសMac OS X Tiger (10.4) និងMonitor រូបរាង​ថ្មី​ទំហំ ២៣អ៊ីញ និង ៣០អ៊ីញ​មាន​ឈ្មោះ​ថា Apple Cinema Displays។
- ឆ្នាំ​២០០៥ ប្រកាស​ផ្លាស់ប្ដូរ Chip របស់​ក្រុមហ៊ុន IBM ទៅ​ប្រើ Chip x86 របស់​ក្រុមហ៊ុន Intel វិញ។
- ឆ្នាំ​២០០៦ ប្រកាស​កុំព្យូទ័រ Mac Pro ជំនួស​ឲ្យ​កុំព្យូទ័រ​ស៊េរី​ចាស់ Power Mac G5  និង​ម៉ាស៊ីន Xserve ប្រើ chip Xeon របស់ Intel។
- ឆ្នាំ​២០០៧ ប្រកាស Mac OS X Leopard ជំនាន់ beta និង Safari។
- ឆ្នាំ​២០០៨ ប្រកាស iPhone 3G, iPhone OS 2.0, iPod Touch,  App Store សម្រាប់ iPhone,  Mac OS X v10.6 និង​ប្ដូរ​ឈ្មោះ​កម្មវិធី​អ៊ីនធឺណិត​មួយ​ដែល​មាន​ឈ្មោះ​ថា .Mac ទៅ​ជា MobileMe វិញ។
- ឆ្នាំ​២០០៩ ប្រកាស iPhone 3GS, iPhone OS 3.0, MacBook Pro ថ្មី​ទំហំ ១៣អ៊ីញ​, ១៥អ៊ីញ និង ១៧អ៊ីញ។
- ឆ្នាំ​២០១០ ប្រកាស iPhone 4, ប្ដូរ​ឈ្មោះ​ពី iPhone OS ទៅ​ជា iOS, iOS 4, FaceTime និង​កម្មវិធី iMovie សម្រាប់ iPhone។
- ឆ្នាំ​២០១១ ប្រកាស Mac OS X Lion និង iOS 5។
ឆ្នាំ​២០១២ គ្រោង​ធ្វើ​នៅ​មជ្ឈមណ្ឌល Moscone West ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី១១​ខែ​មិថុនា​ខាងមុខ​នេះ។ Apple បាន​ប្ដូរ​លក្ខខ័ណ្ឌ​អាយុ​សម្រាប់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ពី ១៨​ឆ្នាំ​មក​នៅ​ត្រឹម ១៣​ឆ្នាំ​វិញ៕

Mouse មាន​តាំង​ពី​​ពេល​​​ណា?

សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ប្រើ​កុំព្យូទ័រ Desktop ជា​ធម្មតា​ត្រូវ​តែ​ប្រើប្រាស់ Mouse ។ Mouse បាន​ក្លាយ​ជា​វត្ថុ​មួយ​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ ដែល​យើង​គិត​ថា​មិន​អាច​អត់​ថា​បាន។ Mouse ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៤ ហើយ​ការ​បង្កើត​ជា​លើក​ដំបូង​នោះ​ Mouse គ្រាន់​តែ​ប្រអប់​ឈើ​តូច​មួយ ដែល​មាន​តែ​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់ Click ។ បន្ទាប់​មក​ទៀត ការ​រចនា​រូប​រាង​របស់ Mouse ​មិន​សូវ​ជា​ផ្លាស់​ប្ដូរ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​​មាន​បែប​បទ​ស្រួល​ប្រើ​ជាង​មុន។
Douglas Engelbart ដែល​ធ្វើ​ការ​នៅ ​វិទ្យាស្ថាន​ស្រាវជ្រាវ  Stanford ​គឺ​ជា​អ្នក​បង្កើត​ Mouse​ កុំព្យូទ័រ​ដំបូង​គេ​បង្អស់​ ដែលមើល​ទៅ​ដូច​ជា​​គ្រឿង​ម៉ាស៊ីន​កំប៉ិកកំប៉ុក​​ប៉ុណ្ណោះ។ Douglas Engelbart បាន​ប្រើប្រាស់​កម្លាំង​ចិត្ត​ដែល​គាត់​មាន​ ដើម្បី​ស្រាវ​ជ្រាវ​ទៅ​លើ​គម្រោង​មួយ ដែល​គាត់​គិត​ថា​ពិត​ជា​អាច​បន្ថែម​ជំនួយ​នៃ​ការ​គិត​របស់​មនុស្ស។
នៅ​ឆ្នាំ ១៩៧០ Engelbart និង​ប្រធាន​ដឹក​នាំ​វិស្វករ​របស់​គាត់ Bill English បាន​ព្យាយាម​ស្វែង​យល់​ពី​ ” ការ​បង្ហាញ ​ទីតាំង​ x-y នៅ​លើ​ប្រព័ន្ធ​អេក្រង់​ ” ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “Mouse” ព្រោះ​ថា​ខ្សែ​ដែល​ចេញ​ពី​ក្រោយ​ “ Mouse ” ស្រដៀង​ទៅ​នឹង​កន្ទុយ​កណ្ដុរ​ពិត ប៉ុន្តែ​នៅ​ពេល​នោះ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​នៅ​មាន​តិច​នៅ​ឡើយ។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ Standford បាន​ផ្ដល់​សិទ្ធិ​បង្កើត​ Mouse នេះ​ទៅ​ក្រុម​ហ៊ុន​ Apple ដោយ​ទទួល​បាន​ទឹក​ប្រាក់​មួយ​ចំនួន​តូច​ប្រហែល​ជា ៤ ម៉ឺន​ ដុល្លា ប៉ុន្តែ Engelbart មិន​បាន​​ល្បី​​ឈ្មោះ​ដោយ​សារ​​ការ​បង្កើត​របស់​គាត់​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ ២០០០ លោក​បាន​ទទួល​មេដាយ​ថ្នាក់​ជាតិ​នៃ​បច្ចេកវិទ្យា ក្នុង​ការ​ផលិត​ Mouse ​និង​ជួយ​អភិវឌ្ឍន៍​ Hypertext ដែល​សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ទូលំទួលាយ​ជាង​មុន​៕
រូបរាង Mouse នា​ពេល​បច្ចុប្បន្ន (រូបភាព៖ www.hltv.org)

CD មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ?

លោក​អ្នក​តែង​ធ្លាប់​ប្រើ Disc ជា​និច្ចកាល​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ (Read/Write) ជា​មួយ​កុំព្យូទ័រ, ម៉ាស៊ីន​ចាក់​ឌីស (CD/VCD/DVD..player)។ ចុះ​ប្រិយមិត្ត​បាន​ដឹង​ទេថា​ តើនរណាជាអ្នក​បង្កើត ហើយ​ ​បង្កើត​ CD នេះពី​ពេល​ណាមក?
កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ Sony និង Philips សហការ​គ្នា​​ផលិត CD ដំបូង​គេនេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​គម្រប់​ខួប ៣០ឆ្នាំដែល​ចាប់​កំណើត​ដំបូង​ក្នុង​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ ១៩៨២
Compact Disc ឬ​ហៅ​កាត់​ថា CD គឺ​ជា optical disc ទំហំ 700MB ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ, បទ​ចម្រៀង, វីដេអូ និង​អាច​បើក​ស្ដាប់​បាន​តាម CD-ROM ឬ CD-RW, DVD-RW ឬ DVD-RW។ CD ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១ តុលា​ឆ្នាំ១៩៨២ ដែល​ពេល​នោះ Sony បាន​បង្ហាញ​ម៉ាស៊ីន​សម្រាប់​ចាប់​ស្ដាប់​ជា​មួយ Disc នេះ​មាន​ឈ្មោះ​ថា Sony CDP-101
CD បង្កើត​ដំបូង​មាន​អង្កត់​ផ្ចិត ១,២៧ដេស៊ីមែត្រ (5 inches), បង្កើត​ពី​សារធាតុ​ប្លាស្ទិក និង​អាច​ចាក់​ស្ដាប់​តន្ត្រី​បាន​រយៈពេល ៧៤នាទី។ ក្រោយ​មក​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ចាប់​ផ្ដើម​បំពាក់ CD player នេះ​ទៅ​ក្នុង​តួ​មុខ​នៃ​រថយន្ត ជំនួស​ឲ្យ​ម៉ាស៊ីន​ចាក់​កាសែត​វិញ ហើយ​នៅ​តាម​ផ្ទះ​ក៏​ចាប់​ផ្ដើម​មាន​ម៉ាស៊ីន​ចាក់​ថាស ដែល​អាច​ចាក់​ស្ដាប់​បាន​ជា​មួយ CDs នេះ​ជា​បណ្ដើរៗ​រៀង​មក។
តែ​មក​ដល់​សម័យ​កាល​បច្ចុប្បន្ន​នេះ CD ហាក់​ដូច​កំពុង​បាត់​បង់​ប្រជាប្រិយភាព​បណ្ដើរៗ​ហើយ ព្រោះ​អ្នក​ប្រើ​ប្រាស់​ភាគច្រើន​មិន​សូវ​ឃើញ​មាន​ប្រើ CD ដូច​ពេល​មុនៗ​ទេ តែ​បែរ​ឃើញ​មក​ប្រើ​ជា MP3 Player, ម៉ាស៊ីន​ចាក់​ឌីស ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដែល​អាច​ប្រើ​ជា​មួយ Flash drive ទៅ​វិញ។ ប្រសិន​ជា​ដូច​ច្នេះ​មែន តើ​អនាគត​របស់ CD នឹង​ទៅ​ជា​យ៉ាង​ណា តើ​អាច​បាត់​មុខ​ដូច​ជា​កសែត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?
បន្ត​តាម​ដាន ព័ត៌មាន​បច្ចេកវិទ្យា ដទៃ​ទៀត​សូម​ចុច​ត្រង់​នេះ…

ស្គាល់ក្រុមហ៊ុន​ផលិតហ្គេម​តុក្កតាស៊ីផ្សិត​​ដ៏​​ពេញនិយម​​កាល​ទសវត្សន៍ ៩០ ទេ?

Nintendo Co., Ltd. ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ និង​វីដេអូ​ហ្គេម ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ​មិត្ត​យុវវ័យ​ប្រាក​ដ​ជា​មិន​ភ្លេច​ទេកាល​អំឡុង​ទសវត្សន៍ ៩០ ​ហ្គេម​តុក្កតា​ស៊ីផ្សិត​ដ៏​ពេញ​និយម​សម្រាប់​ក្មេង​ៗ​ ដែល​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​លេង​កម្សាន្ត ក៏​ជា​ស្នាដៃ​ផលិត​របស់​ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ល្បី Nintendo នេះ​ដែរ។
តើ Nintendo មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ មុនក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​កម្សាន្ត ដែល​មានការ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក សូម្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា។
Nintendo ដំបូង​ឡើយ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​បៀរ តែ​រហូត​ដល់​ឆ្នាំ ១៩៦៣ ក្រុមហ៊ុន​ចាប់​ពង្រីក​ខ្លួន​ទៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តូចៗ​ចំនួន ៣-៤ ផ្សេង​ទៀត ដូចជា​​ក្រុមហ៊ុន​រថយន្ត​ឈ្នួល និង​បើក​សណ្ឋាគារជា​ដើម។ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ បាន​ចាប់​កំណើត​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ១៨៨៩ ដែល​បង្កើត​ដោយ​លោក Fusajiro Yamauchi។
ក្រោយ​មក Nintendo បាន​បោះបង់​ជំនួញ​ដែល​ពុំ​សូវ​កាក​កប​នេះ ហើយ​បែរ​ទៅ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​វីដេអូហ្គេម ដែល​ពេល​នោះ​ក្រុមហ៊ុន​ចាប់​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា និង​ជា​ក្រុមហ៊ុន​ដ៏​ល្បី​បំផុត​ឈរ​លំដាប់​លេខ ៣ នៅ​ជប៉ុន។ ជាក់​ស្ដែង​កាល​ពី​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ឆ្នាំ២០១២ របាយការណ៍​លក់​ផលិតផល​ហ្គេម​របស់ Nintendo ឃើញ​ថា​លក់​បាន​ជាង ៦៥១,៨លាន​គ្រឿង និង Software លក់​បាន​រហូត ៤,០៨ពាន់​លាន software ឯណោះ។
ប្រវត្តិ៖
- ចាប់​ពី​ចុង​ឆ្នាំ ១៨៨៩ Nintendo ត្រូវ​បាន​គេ​ស្គាល់ ជា​ក្រុមហ៊ុន Card Company ដែល​ពេល​នោះ​មាន​ឈ្មោះ​ថា Nintendo Koppai។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ក្នុង​ទីក្រុង Kyoto ប្រទេស​ជប៉ុន។ អំឡុង​ពេល​នោះ Nintendo Koppai បាន​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ពាណិជ្ជកម្ម និង​ស្រូប​យក​ទីផ្សារ​អ្នក​លេង​ហ្គេម​បៀ​យ៉ាង​ខ្លាំង។
ហ្គេម​បៀ​មិន​យូរ​ប៉ុន្មាន​ក៏​ទទួល​បាន​ការ​ពេញ​និយម​លេង​យ៉ាង​ខ្លាំង ហើយ​លោក Fusajiro Yamauchi បាន​ប្រមូល​បុគ្គលិក​បន្ថែម​ដើម្បី​ពង្រាយ​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​បៀ​ផ្គត់ផ្គង់​ឱ្យ​ទាន់​តម្រូវការ។
- នៅ​ឆ្នាំ ១៩៥៦ ចៅ​ប្រុស​របស់ Fusajiro Yamauchi ឈ្មោះ Hiroshi Yamauchi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុមហ៊ុន​អាមេរិក​មួយ​គឺ United States Playing Card Company ដែល​ល្បីល្បាញ​ខាង​ផលិត​ហ្គេម គោលបំណង​ដើម្បី​ជជែក​ពិភាក្សា​ជា​មួយ​អ្នក​ដឹង​នាំ​ក្នុង​សង្វាក់​ផលិតកម្ម​ហ្គេម។ Hiroshi បាន​បាន​ទទួល​អារម្មណ៍​ប្លែក មិន​នឹក​ស្មាន​ដល់​ថា​ក្រុមហ៊ុន​ដែល​មាន​តែ​កូន Office តូច​មួយ​សោះ មាន​ឥទ្ធិពល​ទទួល​បាន​ការ​គាំទ្រ​រហូត​ក្លាយ​ជា ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ធំ​បំផុត​លើ​ពិភពលោក​បាន។ នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល Hiroshi បាន​យក​តម្រាប់​តាម ក្នុង​ការ​កំណត់​ទិសដៅ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ខាង​ហ្គេម​បៀ​របស់​ខ្លួន។
- ឆ្នាំ ១៩៦៣ Yamauchi បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ពី Nintendo Playing Card Co. Ltd. ទៅ​ជា Nintendo Co., Ltd វិញ។ បន្ទាប់​ពី​នោះ​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ពង្រីក​ខ្លួន​ជា​មួយ​បទ​ពិសោធន៍​លើ​ជ្រុង​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ឡើង។ នៅ​រវាង​ឆ្នាំ​ ១៩៦៣ ដល់ ១៩៦៨ Nintendo បាន​បង្កើត​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ត​ឈ្នួល​តាក់ស៊ី, បើក​សណ្ឋាគារ Love, TV network, ចំណី​អាហារ និង​ក្រុមហ៊ុន ៣-៤ ដែល​លក់​ផលិតផល​ផ្សេងៗ​ទៀត។ ជា​ចុង​ក្រោយ រាល់​មុខ​ជំនួញ​ទាំង​ប៉ុន្មាន​នេះ ហាក់​មិន​សម​ប្រកប​ទាល់​តែ​សោះ។ ក្រោយ​មក​ក្រុមហ៊ុន​បាន​លះបង់​មុខ​ជំនាញ​ទាំង​នេះ ដោយ​សារ​មាន​ឱនភាព​នៃ​ការ​លក់​រហូត​ប៉ះពាល់​ដល់​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន។
-ឆ្នាំ ១៩៦៦ Nintendo បាន​ងាក​ក្លាយ​ខ្លួន​ជា​រោងចក្រ​ផលិត​ប្រដាប់​ក្មេង​លេង​ទទួល​បន្ទុក​ដោយ​ក្រុមហ៊ុន​ជា​ចំណុះ Ultra Hand ដឹង​នាំ​ផលិតកម្ម​ដោយ​លោក Gunpei Yokoi។ លោក Yokoi ត្រូវ​បាន​គេ​លើក​លោក​ពី​អ្នក​មើល​ខុស​ត្រូវ​ក្នុង​ការ​ផលិត​ប្រដាប់​ក្មេង​លេង​មក​ជា developer ខាង​ផលិតផល​នៅ​ផ្នែក “Nintendo Game”។ ពេល​នោះ Nintendo បន្ត​ផលិត​ប្រដាប់​ក្មេង​លេង​បាន​កាន់​ប្រសើរ​ឡើង ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន Ultra Machine, Love Tester និង Kousenjuu។
- នៅ​ឆ្នាំ ១៩៧៣ ក្រុមហ៊ុន​ផ្ដោត​យក​ចិត្ត​ទុកដាក់​បង្កើត​ហ្គេម​កម្សាន្ត​ថ្មី​មួយ​ទៀត​គឺ Laser Clay Shooting System ដោយ​ប្រើ​បច្ចេកវិទ្យា​ពន្លឺ​នៅ​លើ​កាំភ្លើង។ មិន​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​ក៏​ទទួល​បាន​ជោគជ័យ​លើ​ឧបករណ៍​នេះ រួច​បន្ត​ពង្រីក​ស៊េរី​ហ្គេម light gun machine បន្ថែម​៣-៤ប្រភេទ​ទៀត មាន​ដូច​ជា Wild Gunman ជា​ដើម។
- នៅ​ឆ្នាំ១៩៧៤៖ នេះ​ជា​ពេលវេលា​ដែល​គួរ​កត់​សំគាល់​បំផុត ព្រោះ​ជា​ឆ្នាំ​នេះ​ដែល Nintendo ចាប់​ប្រលូក​ខ្លួន​ទៅ​ក្នុង​ជំនួញ​វីដេអូ​ហ្គេម។
- ឆ្នាំ ១៩៧៥ Nintendo បាន​ចូល​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​ទូ​ប្រភេទ​ដាក់​កាក់​លេង ឬ​ទិញ​ពង់​ដើម្បី​លេង​បាន (arcade game)។ ក្រុមហ៊ុន​ក៏​នៅ​មាន​ហ្គេម​ផ្សេង ៣-៤ប្រភេទ ដែល​ឌីហ្សាញ​ដោយ​លោក​អ្នក​ឌីហ្សាញ​ដំបូង​គេ​ក្នុង​ជំនួញ​ហ្គេម​នេះ​គឺ​លោក Genyo Takeda។ នៅ​ពេល​នោះ Nintendo ជោគជ័យ​បាន​មួយ​កម្រិត​ហើយ​ជា​មួយ​ជំនួញ​ថ្មី​ថ្មោង​នេះ ប៉ុន្តែ​កត្តា​ជួយ​រុញច្រាន​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​ជោគជ័យ​ខ្លាំង​ជាង​នេះ​ទៀត​នោះ ដោយ​សារ​មាន​លោក Shigeru Miyamoto បាន​ផលិត​ហ្គេម Donkey Kong កាល​ពី​ឆ្នាំ១៩៨១។ ខណៈ​ពេល​នោះ Nintendo ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​សម្បើម ដោយ​ទទួល​បាន​ចំណូល​យ៉ាង​កាក់កប​កើត​ចេញ​ពី​ការ​លក់​ហ្គេម​ល្បីៗ​ដូច​ជា៖ Atari 2600, Intellivison និង ColecoVision។
- លុះ​ដល់​ឆ្នាំ ១៩៧៧ ក្រុមហ៊ុន​អាច​ផលិត hardware ដោយ​ខ្លួន​ឯង​បាន។ Hardware ទាំង​នោះ​រួម​មាន៖ ឧបករណ៍​ចាក់​វីដេអូហ្គេម​លេង​បាន​នៅ​លើ​ទូរទស្សន៍ (Game Console ប្រភេទ Color TV Game)។ ដោយ​សារ​ជំនួញ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង និង​ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​កាន់​តែ​ឈាន​ទៅ​មុខ​ទៀត​នោះ Nintendo បាន​ជួល developer ម្នាក់​ឈ្មោះ Shigeru Miyamoto ឱ្យ​មក​កាន់​ផ្នែក​ឌីហ្សាញ​រូបរាង​ខាង​ក្រៅ​លើ Color TV Game console។ ក្រៅ​ពី​នេះ Miyamoto ក៏​នៅ​មាន​តួនាទី​ក្នុង​ការ develop ស៊េរី​វីដេអូ​ហ្គេម​ថ្មីៗ​ទៀត​ដែរ។
- ឆ្នាំ១៩៨០ Nintendo បាន​ចេញ​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ដែល​មាន​អេក្រង់​ភ្ជាប់​មក​ជា​ស្រេច (Game & Watch) បង្កើត​ដោយ​លោក Yokoi ដែល​ឧបករណ៍​ទាំង​នោះ​អាច​បញ្ចូល​ប្រភេទ​ហ្គេម​ផ្សេងៗ​គ្នា​លេង​បាន។ ចាប់​ពី​ពេល​នេះ Game & Watch ចាប់​ស្ទុះ​ប្រលូក​ចូល​ទីផ្សារ​ហ្គេម​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ចែកចាយ​ជុំវិញ​ពិភពលោក។
-ឆ្នាំ១៩៨៣ Nintendo បាន​បង្កើត​ស៊េរី​ឧបករណ៍​ហ្គេម​កាន់​តែ​ទំនើប​ដែល​លេង​បាន​ដោយ​ប្រើ​កាសែត​ហ្គេម (Famicom)។ នៅ​ពេល​នោះ Nintendo មាន​​ឈ្មោះ​ថា Nintendo Entertainment System (NES)។
-ឆ្នាំ១៩៨៣ ក្រុមហ៊ុន​ចាប់​ប្រើ​ស្លាក​សញ្ញា (Logo) ដែល​មាន​ខ្សែ​បន្ទាត់​រាង​ពងក្រពើ​ព័ទ្ធ​ជុំវិញ​អក្សរ Nintendo ជា​ពណ៌​ក្រហម។
- ឆ្នាំ១៩៨៥ Nintendo បាន​ចេញ​វីដេអូហ្គេម Super Mario Bros ដែល​គេ​តែង​ហៅ​ថា “តុក្កតា​ស៊ី​ផ្សិត”។ មិន​គួរ​ឱ្យ​ជឿ Super Mario បាន​លើកស្ទួយ​ក្រុមហ៊ុន​យ៉ាង​ខ្លាំង​ដែល​មាន​តួលេខ​លក់​បាន​យ៉ាង​ខ្ពស់​បំផុត។
- នៅ​ឆ្នាំ១៩៨៩ បន្ទាប់​ពី​ជោគជ័យ​លើ Game & Watch ហើយ​លោក Yokoi បាន​បន្ត​អភិវឌ្ឍ​ប្រភេទ​ហ្គេម​ផ្សេងៗ​ទៀត​ដូច​ជា៖ Game Boy និង​ឧបករណ៍​ហ្គេម handheld game console ផ្សេងៗ។ នៅ​ពេល​នោះ​ប្រភេទ​ឧបករណ៍​ហ្គេម​ទាំង​ពីរ​នេះ ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​យ៉ាង​ខ្លាំង​សម្បើម​ផង​ដែរ។ រយៈពេល​ជោគជ័យ​នៃ​ប្រភេទ​ហ្គេម​ទាំង​ពីរ​នេះ​មាន​ឥទ្ធិពល​រហូត​ជាង ១ទសវត្សន៍​ឯណោះ។
ក្រោយ​មក​ទៀត Nintendo បន្ត​អភិវឌ្ឍ​បន្ថែម​ដោយ​ធ្វើ​កំណែប្រែ​នៅ​ពី Game Boy ក្លាយ​ជា Game Boy Pocket, Game Boy Light និង Game Boy Color ដោយ​មាន​រូបមន្ត​ថ្មី​ពី​លើ Game Boy ស៊េរី​មុន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ត​មក​ទៀត​លោក Gunpei Yokoi បាន​ឌីហ្សាញ​ប្រភេទ​ហ្គេម​ថ្មី​មួយ​ទៀត​នោះ​គឺ Virtual Boy។ លើក​នេះ​សមិទ្ធផល​ទទួល​បាន​ពុំ​សម​ដូច​ចិត្ត​នោះ​ទេ ពោល​គឺ​ការ​លក់​មាន​កម្រិត​ទាប ដោយ​សារ​តែ​គុណភាព​ហ្គេម​ព្រម​ជា​មួយ​ក្រាហ្វិក​នៅ​មាន​កម្រិត។ គ្រា​នោះ​លក់ Yokoi បាន​ចូល​និវត្តន៍​ឈប់​ប្រលូក​រឿងរ៉ាវ​នៅ​ក្នុង​ក្រុមហ៊ុន។
ដំណាក់កាល​នោះ​ជា​ពេលវេលា​ប្រកួតប្រជែង​ទីផ្សារ​ឧបករណ៍​ហ្គេម​យ៉ាង​ខ្លាំង​មួយ ព្រោះ​មាន​ក្រុមហ៊ុន​ជា​គូ​ប្រជែង​ខ្លាំងៗ​ដូច​ជា Sony និង Sega។
- មក​ដល់​ឆ្នាំ ១៩៩៦ Nintendo បាន​ចេញ​ប្រភេទ​ហ្គេម​ថ្មី​មួយ​ទៀត​គឺ Nintendo 64 ដែល​បាន​បំពាក់​ក្រាហ្វិក 3D ហើយ​អាច​លេង​ម្ដង​ច្រើន​គ្នា​បាន​រហូត​៤នាក់។ ហ្គេម​នេះ​ប្រើ analog stick សម្រាប់​បញ្ជា​ទិស។ បន្ទាប់​មក​ក្រុមហ៊ុន​ចេញ​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ Rumble Pak ដើម្បី​កែលំអ​បន្ថែម​លើ Nintendo 64 ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​បំពេញ​តាម​តម្រូវ​ការ​អ្នក​លេង។
- ឆ្នាំ២០០១ Nintendo ចាប់​បង្កើត​ឧបករណ៍​ហ្គេម​ដែល​ប្រើ​ជា​មួយ​បន្ទះ​ស៊ីឌី​ជំនួស​កាសែត cartridgesឈ្មោះ​ថា GameCube។ ការ​លក់​ទទួល​បាន​ជោគជ័យ​គ្រាន់​បើ​ដែរ តែ​នៅ​មាន​គូ​ប្រជែង PlayStation 2។ ខណៈ នោះ​ក្រុមហ៊ុន​បាន​ចេញ​ប្រភេទ Game Boy ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Game Boy Advance។
- នៅ​ឆ្នាំ២០០៤ Nintendo ចោល​ស៊េរី Game Boy ដោយ​ងាក​មក​ផលិត​ឧបករណ៍​ហ្គេម​ថ្មី​ឈ្មោះ​ជា​ខ្សែ​ស្រលាយ​ Nintendo DS វិញ។ ឧបករណ៍​ហ្គេម​ស៊េរី​ថ្មី​នេះ​មាន​អេក្រង់​ភ្លោះ​ប្រើ touchscreen និង​មាន​បាស​សំឡេង។ ក្រោយ​មក​ចេញ​ស៊េរី​ថ្មី​បន្ត​ទៀត​គឺ Nintendo DSi, Nintendo DSi XL, Nintendo 3DS ជា​មួយ​អេក្រង់​ធំ​ជាង​មុន។
-នៅ​ឆ្នាំ២០១២​ខែ​សីហា Nintendo បាន​អភិវឌ្ឍ​ឧបករណ៍​ហ្គេម​ប្រភេទ​ថ្មី​បន្ត​លើ​ស៊េរី​មុនៗ​នោះ​គឺ Nintendo 3DS XL ដែល​ស៊េរី​ថ្មី​នេះ​កាន់​តែ​ទំនើប​មាន​អេក្រង់​ធំ​ជាង​មុន​រហូត ៩០% ហើយ​អាច​ប្រើ​ជា​មួយ​មេម៉ូរី​ប្រភេទ SD card បាន​ទំហំ 4GB និង​ថ្ម​មាន​អាយុកាល​បាន​វែង​ជាង​មុន។
នៅ​ឆ្នាំ​ដដែល​នេះ​ក្រុមហ៊ុន​បាន​ចេញ​ស៊េរី​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ទៀត​នោះ​គឺ Wii។ Wii បាន​ប្រើ​បច្ចេកវិទ្យា motion sensing controller សម្រាប់​បញ្ជា។ នេះ​ជា​ឆ្នាំ​ដែល​ស្លាក​សញ្ញា​របស់ Nintendo ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ម្ដង​ទៀត​ហើយ ដែល​ប្រែ​ពី​ពណ៌​ក្រហម​ទៅ​ជា​ពណ៌​ប្រផេះ​វិញ។ ឆ្នាំ​ដដែល​ក្រុមហ៊ុន​បន្ត​ចេញ​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ទៀត​គឺ Wii U។ Wii U ប្រើ​បច្ចេកវិទ្យា touchscreen សម្រាប់​បញ្ជា (touch screen controller) និង​មាន២​ជំនាន់​ផ្សេង​គ្នា​រួម​មាន Basic និង Deluxe។ ប្រភេទ​ឧបករណ៍​ហ្គេម​ចេញ​ថ្មី​ទាំង​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

Twitter Delicious Facebook Digg Stumbleupon Favorites More

 
HTML HTML HTML HTML HTML
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | belt buckles
សូមស្វាគមន៏មកកាន់គេហទំព័រ IT-STYLE9 របស់ខ្ញុំបាទនេះជាលើកដំបូងនៃគេហទំព័ររបស់ខ្ញុំដែលបានបង្កើតតាមរយះ Online Internet ខ្ញុំសូមអភ័យរាល់ការបង្កើតឡើងមានភាពមិនល្អឥតខ្ចោះ និងត្រូវតាមក្បួនខ្នាត់របសវេបសាយពីសំណាក់មិត្តអ្នកទស្សនានិងពីសំណាក់សាស្រ្តាចារ្យ ព្រោះនេះជាជំហ៊ានដំបូងរបស់រខ្ញុំទេក្នុងការបង្កើតគេហទំព័រនេះ វាពិតជមិនសូវល្អឥតខ្ចោះមែន ព្រោះខ្ញុំមិនមែនជា Web Master ទេខ្ញុំគ្រានតែជាអ្នកជំនាន់ក្រោយដែលបានរៀនផ្នែកព័ត៏មានវិទ្យាប៉ុន្មោះទេ។ សូមអរគុណរាលការគំាទ្រូនិងតាមដានគេហទំព័រនេះ សូមអរគុណ!!!!